ការ​ស្វែងយល់​អំពី​ដំណើររឿង​នៃ​ការ​បង្កើត​រដ្ឋអ៊ីស្រាអែល គឺ​ជា​គន្លឹះ​មួយ ដើម្បី​យល់​អំពី​ជម្លោះ​ដ៏រ៉ាំរ៉ៃ​នៅ​តំបន់​ដើមបូព៌ា​នាពេល​បច្ចុប្បន្ន។
នៅ​មុន​ឆ្នាំ​១៩៤៨ នៅ​ក្នុង​តំបន់​ដើមបូព៌ា មិនមាន​ទេ​រដ្ឋ​អ៊ីស្រាអែល គឺ​មានតែ​ទឹកដី​ប៉ាឡេស្ទីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ជាច្រើន ជាពិសេស អ្នក​កាន់​សាសនា​អ៊ីស្លាម​យល់ថា វត្តមាន​របស់​អ៊ីស្រាអែល នៅ​ក្នុង​តំបន់​ដើមបូព៌ា​នេះ​ គឺ​ជា​រឿង​ខុសច្បាប់ ដោយសារ​តែ​រដ្ឋ​អ៊ីស្រាអែល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅលើ​ទឹកដី​​របស់​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ដំណើររឿង​​វាមាន​លក្ខណៈ​ស្មុគស្មាញ​ជាងនេះ។
តាមពិត នៅ​ក្នុង​តំបន់​ដើមបូព៌ា​​មុនឆ្នាំ​១៩៤៨ ក៏​គ្មាន​រដ្ឋ​ប៉ាឡេស្ទីន​ដែរ​ គឺ​មាន​តែ​ទឹកដី​​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ប៉ាឡេស្ទីន" ហើយ​​ដែល​ត្រូវ​បាន​ប្រទេស​មហាអំណាច​ដូរដៃ​គ្នា​កាន់កាប់​ពីមួយ​ទៅមួយ អស់រយៈពេល​រាប់​ពាន់​ឆ្នាំ។ ​ទឹកដី ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប៉ាឡេស្ទីន” នេះ ក៏​មាន​បន្ទាត់​ព្រំដែន​មិន​ស្ថិតស្ថេរ​ច្បាស់លាស់​ដែរ ដោយ​ពេល​ខ្លះ​ត្រូវ​គេ​រាប់​បញ្ចូល​ទាំង​ប្រទេស​មួយចំនួន ដែល​នៅ​ជុំវិញ​នោះ ដូចជា​​ លីបង់ ស៊ីរី និង​ហ្សកដានី ជាដើម អាស្រ័យ​ទៅ​តាម​សម័យកាល និង​អាស្រ័យ​ទៅតាម​​ការ​ចាត់ចែង​របស់​ប្រទេស​មហាអំណាច ដែល​កាន់កាប់​តំបន់​នេះ។


កាលពី​ជាង​៣ពាន់​ឆ្នាំមុន តំបន់​ដែល​គេ​ឲ្យឈ្មោះ​ថា “ប៉ាឡេស្ទីន” នេះ មាន​ប្រជាជន​ជាច្រើន​អម្បូរ​រស់​នៅ ក្នុងនោះ​ក៏​មាន​ដែរ​ជនជាតិជ្វីហ្វ ដែល​បាន​បង្កើត​ជា​រដ្ឋ និង​បាន​សាងសង់​បុរី​ជា​ទីសក្ការៈ​មួយ គឺ​ទីក្រុង​យេរូសាឡឹម។ ក៏ប៉ុន្តែ នៅ​ក្នុង​សម័យកាល​ចក្រភពរ៉ូម ទីក្រុង​យេរូសាឡឹម​ត្រូវ​បាន​ទាហាន​រ៉ូម​វាយកម្ទេច​ចោល ហើយ​ជនជាតិជ្វីហ្វ ដែល​ហ៊ាន​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​រ៉ូម ត្រូ​វ​បាន​គេ​បណ្តេញ​ចេញ​ពី​ទឹកដី​កំណើត​ឲ្យ​បែក​ខ្ចាត់ខ្ចាយ ទៅ​រស់នៅ​ជា​សហគមន៍​ជនជាតិ​ជ្វីហ្វ​នៅ​បរទេស។ ចាប់ពីពេលនោះ​មក ទឹកដី​អ៊ីស្រាអែល​ក៏​​លែង​ស្គាល់​ឯករាជ្យ ដោយ​ត្រូវ​ប្រទេស​មហាអំណាច​ប្តូរ​ដៃគ្នា​គ្រប់គ្រង​ពីមួយទៅមួយ ដោយ​ភាគច្រើន ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​មហាអំណាច​កាន់សាសនា​អ៊ីស្លាម រួមមាន​ដូចជា ចក្រភព​អារ៉ាប់ អេហ្ស៊ីប និង​តួកគី​ក្នុង​សម័យកាល​ចក្រភព​អូតូម៉ង់។ នៅ​ក្រោយ​សង្រ្គាម​លោកលើកទី១ ចក្រភព​អូតូម៉ង់​ដែល​ចាញ់​សង្រ្គាម​ត្រូវ​ដួលរលំ។ តំបន់​​ដែល​ស្ថិត​នៅ​ចន្លោះ​សមុទ្រ​មេឌីទែរ៉ាណេ និង​ទន្លេយ័រដាន់ (Jordan) ពោលគឺ ទឹកដី​ប៉ាឡេស្ទីន និង​រដ្ឋ​អ៊ីស្រាអែល​​បច្ចុប្បន្ន ​ក៏​ត្រូវធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ចក្រភព​អង់គ្លេស។
នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍​ទី២០ ចលនា​មួយ​បាន​រីកដុះដាល​ឡើង នៅ​ក្នុង​ចំណោម​សហគមន៍​ជ្វីហ្វ​នៅ​អឺរ៉ុប ដែល​មាន​គំនិត​ចង់​​ឲ្យ​ជនជាតិជ្វីហ្វ​វិលត្រឡប់​ទៅ​បង្កើត​រដ្ឋ​នៅ​ទឹកដី​កំណត់​របស់​ខ្លួនវិញ។ ចលនា​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា “ស៊ីយ៉ូនិស្ត” (Sioniste)។ “ស៊ីយ៉ូន” គឺ​ជា​ឈ្មោះ ដែល​គេ​ឃើញ​មាន​ប្រើ​នៅក្នុង​គម្ពីរប៊ីប ដោយ​សម្តៅ​ទៅលើ​ទីក្រុង​យេរូសាឡឹម។

ចលនា​អន្តោប្រវេសន៍​របស់​ជនជាតិ​ជ្វីហ្វ ដែល​ចូលទៅ​តាំងទីលំនៅ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ក៏​ចាប់ផ្តើម​កើតមានឡើង ហើយ​នៅ​ពេល​ដែល​ចំនួន​ជនជាតិជ្វីហ្វ​មាន​ការ​កើនឡើង ភាពតានតឹង​ជាមួយ​ជនជាតិ​អារ៉ាប់​​ប៉ាឡេស្ទីន​ក៏​ចាប់ផ្តើម​កើតមាន​ឡើង​​ដែរ ដែល​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ដល់​ចក្រភព​អង់គ្លេស​ ដែល​ជា​អាណា​ព្យាបាល។ អង់គ្លេស​ធ្លាប់​បាន​សន្យា​ជាមួយ​នឹង​ពួក​អារ៉ាប់​ប៉ាឡេស្ទីន​ថា​នឹង​ឲ្យ​ពួកគេ​បង្កើត​រដ្ឋ​ឯករាជ្យ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ អង់គ្លេស​ក៏​បាន​សន្យា​​ដល់​ចលនា​ស៊ីយ៉ូនិស្ត​​ផងដែរ​ថា​នឹង​ឲ្យ​ពួកគេ​​មាន​ទឹកដី​ជា​មាតុភូមិ​មួយ​នៅ​ប៉ាឡេស្ទីន។

នៅ​ក្រោយ​សង្រ្គាម​លោកលើកទី២ ហេតុការណ៍​នៃ​ការ​សម្លាប់​រង្គាល​ជនជាតិជ្វីហ្វ​ដោយ​អាល្លឺម៉ង់​ណាហ្ស៊ី​​បាន​ធ្វើឲ្យ​ចលនា​អន្តោប្រវេសន៍​​ជនជាតិជ្វីហ្វ​ចូល​ទៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​បាន​កើតមាន​កាន់តែ​ខ្លាំង ការ​បង្កើត​រដ្ឋ​​ឲ្យ​ពួកជ្វីហ្វ​នៅ​ប៉ាឡេស្ទីន​ក៏​ចាប់ផ្តើម​ទាក់ទាញ​នូវ​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​សំណាក់​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែល​គិត​ថា​ខ្លួន​មាន​ចំណែក​ទទួលខុសត្រូវ នៅ​ក្នុង​សោកនាដកម្ម​របស់​ពួកជ្វីហ្វ។
ANCIENT/MEDIEVAL JEWISH HISTORY
នៅ​ឆ្នាំ​១៩៤៧ ដោយ​មើល​ឃើញ​អំពី​ស្ថានភាព​ស្មុគស្មាញ​នៅ​ប៉ាឡេស្ទីន​ អង់គ្លេស​ក៏​​បាន​ប្រកាស​​បញ្ចប់​​​អាណត្តិ​ជាអ្នក​គ្រប់គ្រង​​ទឹកដី​ប៉ាឡេស្ទីន ប៉ុន្តែ មិន​​ព្រម​​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​​ទឹកដី​ប៉ាឡេស្ទីន​នឹង​ត្រូវចាត់ចែង​បង្កើត​ជា​រដ្ឋ​យ៉ាង​ដូចម្តេច​នោះទេ​​ ដោយ​​បាន​រុញ​​សំណុំរឿង​​នេះ​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ដោះស្រាយ។

អ.ស.ប​ក៏​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ ដែល​មាន​​សមាជិក​មក​ពី​ប្រទេស​ចំនួន ១១ ឲ្យ​ធ្វើការ​សិក្សា​អំពី​ដំណោះស្រាយ​​នៅ​ប៉ាឡេស្ទីន។ នៅ​ក្នុង​គណៈកម្មាធិការ​នេះ មាន​ប្រទេស​ខ្លះ រួមមាន អ៊ីរ៉ង់ ឥណ្ឌា និង​យូហ្គោស្លាវី បាន​ស្នើ​នូវ​គំនិត​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ប៉ាឡេស្ទីន​មួយ ដោយ​មាន​រដ្ឋ​ពីរ​ជា​សមាជិក គឺ​រដ្ឋមួយ​សម្រាប់​ពួក​អារ៉ាប់ និង​រដ្ឋ​មួយ​ទៀត សម្រាប់​ពួក​ជ្វីហ្វ។ ក៏ប៉ុន្តែ ប្រទេស​ចំនួន ៧​ផ្សេងទៀត (កាណាដា ឆេកូស្លូវ៉ាគី ហូឡង់ ស៊ុយអែត ក្វាតេម៉ាឡា ប៉េរូ អ៊ុយរូហ្កាយ) ស្នើ​ឲ្យ​​អារ៉ាប់ និង​ជ្វីហ្វ បង្កើត​រដ្ឋ​ពីរ​ឯករាជ្យ​ដាច់ពី​គ្នា​ទាំងស្រុង។

នៅទីបំផុត គឺ​ដំណោះស្រាយ​បង្កើត​រដ្ឋឯករាជ្យ​ពីរ​​ដាច់ពី​គ្នា​ ដែល​ត្រូវ​បាន​​មហាសន្និបាត​អ.ស.ប​​អនុម័ត នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧ (សេចក្តីសម្រេច​លេខ ១៨១)។ នៅ​ក្នុង​សេចក្តីសម្រេច​​នេះ មហាសន្និបាត​អ.ស.ប​ក៏​បាន​កំណត់​ផងដែរ​ថា ទីក្រុង​យេរូសាឡឹម ដែល​ជា​ចំណុច​ប្រទាញប្រទង់​ខ្លាំង​រវាង​អារ៉ាប់ និង​ជ្វីហ្វ ​នឹង​មិន​ត្រូវ​បញ្ចូល​ទៅ​​ក្នុងរដ្ឋ​ណាមួយ​នោះទេ ​តែ​ត្រូវ​ដាក់​ជា​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​អន្តរជាតិ។ សេចក្តីសម្រេច​លេខ ១៨១​ ត្រូវ​បាន​ប្រទេស​ជា​សមាជិក​អ.ស.ប​​ អនុម័ត​ដោយ​សំឡេង​គាំទ្រ​លើស​ពី ២ភាគ៣ ក៏ប៉ុន្តែ គ្រប់​​បណ្តា​ប្រទេស​អារ៉ាប់​ និង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ទាំងអស់​​​​បាន​នាំគ្នា​​​​បោះឆ្នោត​ប្រឆាំង។

បណ្តា​ប្រទេស​អារ៉ាប់​បាន​​ប្រឆាំង​ដាច់ខាត​នឹង​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល ដោយ​ទាមទារ​ឲ្យ​យក​ទឹកដី​ប៉ាឡេស្ទីន​ទាំងអស់​បង្កើត​ជា​រដ្ឋ​តែមួយ សម្រាប់​ពួក​អារ៉ាប់។ អ៊ីស្រាអែលវិញ​​​បាន​ទទួល​ស្វាគមន៍​ចំពោះ​​​ដំណោះស្រាយ​របស់​​​អ.ស.ប. ហើយ​មេដឹកនាំ​ពួកជ្វីហ្វ​នៅ​ប៉ាឡេស្ទីន គឺ​លោក David Ben-Gourion ក៏​បាន​ប្រកាស​បង្កើត​រដ្ឋ​​អ៊ីស្រាអែល​ជាផ្លូវការ នៅថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​១៩៤៨។ មួយថ្ងៃ​ក្រោយ​ការ​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្រាអែល បណ្តា​ប្រទេស​អារ៉ាប់ ដែល​នៅ​ជុំវិញ​នោះ គឺ​រួមមាន អេហ្ស៊ីប ស៊ីរី ហ្សកដានី លីបង់ និងអ៊ីរ៉ាក់ ក៏​បាន​នាំគ្នា​​លើកទ័ព​បើក​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល។

សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា សង្រ្គាម​អារ៉ាប់-អ៊ីស្រាអែល​លើកទី១ ហើយ​មាន​រយៈពេល​ជាង ៩ខែ។ ជាលទ្ធផល គឺ​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ជោគជ័យ។ រដ្ឋ​អ៊ីស្រាអែល​ត្រូវ​បាន​បណ្តា​ប្រទេស​ជាច្រើន​ទទួល​ស្គាល់​ជាផ្លូវការ។ ចំណែក​ឯ​រដ្ឋ​​ប៉ាឡេស្ទីនវិញ​នៅតែ​មិន​អាច​បង្កើត​បាន រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕
*ប្រភពពីនាទី ប្រវត្តិសាស្រ្ត​ពិភពលោក RFI RADIO.