មហាម៉េដកើតនៅអំឡុងឆ្នាំ៥៧០គ.ស នៅទីក្រុងម៉ិកកា (Mecca) ក្នុងឧបទ្វីបអារ៉ាប់ (ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន)។ នៅក្នុងអំឡុងពេលនោះ ទីក្រុងម៉ិកកា គឺជាក្រុងជំនួញដ៏សំខាន់មួយ ដែលជាចំណុចកណ្តាលភ្ជាប់ផ្លូវជំនួញ ពីអឺរ៉ុប រហូតដល់អាស៊ី។
ដំណើរជីវិតពិតរបស់មហាម៉េដ មានភាពស្រពិចស្រពិលច្រើន ដែលគេពិបាកនឹងធ្វើការបែងចែកឲ្យបានច្បាស់រវាងអ្វីដែលបានកើតឡើងពិតប្រាកដ និងអ្វីដែលជាសាច់រឿង ដែលគេនិទានតៗគ្នា។
ជាទូទៅ មហាម៉េដ ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ចំណានម្នាក់ ដែលធ្វើដំណើរចុះឡើង ចាប់តាំងពីតំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតទៅដល់មហាសមុទ្រឥណ្ឌា ដើម្បីធ្វើការជួញដូរ។ ក៏ប៉ុន្តែ តាមជំនឿរបស់អ្នកកាន់សាសនាអ៊ីស្លាម នៅឆ្នាំ៦១០ មហាម៉េដ ដែលមានវ័យ ៤០ឆ្នាំ បានទទួលនូវសេចក្តីបង្រៀនពីព្រះជាម្ចាស់ នៅក្នុងល្អាងភ្នំមួយ ក្បែរទីក្រុងម៉ិកកា។ មហាម៉េដ បានយកសេចក្តីបង្រៀនអស់ទាំងនោះ ទៅបង្រៀនបន្តដល់បណ្តាជនផ្សេងទៀត។
មានអ្នកខ្លះបានចាប់ផ្តើមជឿថា មហាម៉េដ គឺជាព្យាការីរបស់ព្រះ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មហាម៉េដ ក៏មានសត្រូវច្រើនដែរ ដោយសារតែមានការប្រឆាំងជំទាស់នឹងសេចក្តីបង្រៀនរបស់មហាម៉េដ ដែលថា ព្រះពិតមានតែមួយ ហើយការថ្វាយបង្គំរូបសំណាក គឺជាការខុសឆ្គង។ ការគោរព និងថ្វាយបង្គំព្រះ ដែលមានច្រើនបែប ច្រើនប្រភេទ តំណាងដោយរូបសំណាក គឺជាជំនឿសាសនារបស់អ្នកក្រុងម៉ិកកា នៅក្នុងអំឡុងពេលនោះ។
ដោយមានការប្រឆាំង និងការធ្វើទុក្ខបុកម្នេញខ្លាំង នៅឆ្នាំ៦២២ មហាម៉េដ រួមជាមួយនឹងអ្នកស្មោះស្ម័គ្រមួយក្រុមតូច ក៏បានរត់ភៀសខ្លួនចេញពីម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះថា មេឌីណា (Medina) ដែលស្ថិតនៅចម្ងាយប្រមាណជា ៣២០គីឡូម៉ែត្រខាងជើងម៉ិកកា (ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ននេះដែរ)។ នៅទីនោះ មហាម៉េដ បានទាក់ទាញមនុស្សកាន់តែច្រើនឲ្យជឿលើសាសនាអ៊ីស្លាម។ ក្នុងពេលជាមួយគ្នានោះ ដោយសារតែម៉ិកកា និងមេឌីណា មានជម្លោះប្រដាប់អាវុធនឹងគ្នា មហាម៉េដ ដែលជាព្យាការី និងជាមេដឹកនាំសាសនាអ៊ីស្លាម ក៏បានក្លាយទៅជាមេដឹកនាំកងទ័ពផងដែរ។
៨ឆ្នាំក្រោយពីបានភៀសខ្លួនទៅមេឌីណា មហាម៉េដ បានវិលត្រឡប់មកកាន់ទីក្រុងម៉ិកកាវិញ ក៏ប៉ុន្តែ មកជាមួយនឹងកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបានវាយលុកចូលកាន់កាប់ក្រុងម៉ិកកា ទីកន្លែងកំណើតរបស់លោក និងជាទីដែលលោកទទួលមរណភាព ២ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ៦៣២។ ម៉ិកកា និងមេឌីណា បានបន្តជាទីក្រុងដ៏សក្ការៈ បំផុតរបស់សាសនាអ៊ីស្លាមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
សេចក្តីបង្រៀនរបស់មហាម៉េដ ត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរកូរ៉ាន ដែលជាមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម។ គោលជំនឿរបស់សាសនាអ៊ីស្លាម មានលក្ខណៈស្រដៀងគ្នាទៅនឹងជំនឿរបស់សាសនាយូដា និងគ្រឹស្តសាសនាដែរ គឺជឿថា ព្រះពិតមានតែមួយ គឺព្រះជាម្ចាស់ ដែលបង្កើតអ្វីៗទាំងអស់នៅក្នុងចក្រវាលទាំងមូល។
តាមការពិត អ្នកកាន់សាសនាអ៊ីស្លាមជឿថា ព្រះជាម្ចាស់ដែលពួកគេគោរព និងព្រះរបស់ពួកជ្វីហ្វ និងគ្រីស្ទាន គឺជាតួអង្គព្រះដូចគ្នាតែមួយ គឺអាឡាហ៍ (Allah) ហៅតាមភាសាអារ៉ាប់ ឬយេហូវ៉ា (Jehovah) ហៅតាមភាសាហេព្រើ ហើយដំណើររឿងនៃសាសនាទាំង៣នេះ មានដើមកំណើតចេញពីប្រភពតែមួយ ចាប់តាំងពីអាប្រាហាំ និងម៉ូសេ រហូតដល់ព្រះយេស៊ូវ។
តាមជំនឿរបស់សាសនាអ៊ីស្លាម ប្រជាជនអារ៉ាប់ និងជ្វីហ្វ មានបុព្វបុរសដើមតែមួយ គឺអាប្រាហាំ (Abraham) ដែលអ្នកកាន់សាសនាអ៊ីស្លាមហៅថា អ៊ីប្រាហ៊ីម (Ibrahim)។ អាប្រាហាំ ឬអ៊ីប្រាហ៊ីម មានកូនប្រុសពីរនាក់ គឺអ៊ីស្មាអែល (Ismaël) ជាកូនច្បង ក៏ប៉ុន្តែ ជាកូនក្រៅច្បាប់ជាមួយនឹងស្រីបម្រើឈ្មោះហាការ និងអ៊ីសាក់ (Isaac) ជាកូនទីពីរ តែជាកូនស្របច្បាប់។ អ្នកកាន់សាសនាអ៊ីស្លាមជឿថា ពួកអារ៉ាប់គឺជាកូនចៅរបស់អ៊ីស្មាអែល ចំណែកឯពួកជ្វីហ្វ គឺជាកូនចៅរបស់អ៊ីសាក់។
ស្ទើរតែគ្រប់ព្យាការីទាំងអស់ នៅក្នុងគម្ពីរតូរ៉ានៃសាសនាយូដា និងគម្ពីរប៊ីប នៃសាសនាគ្រឹស្ត ក៏ត្រូវបានសាសនាអ៊ីស្លាមទទួលស្គាល់ថាជាព្យាការី ដែលជាអ្នកនាំសាររបស់ព្រះដូចគ្នាដែរ ដោយគ្រាន់តែពួកគេយល់ថា សេចក្តីបង្រៀនរបស់ព្យាការីអស់ទាំងនេះត្រូវបានពួកជ្វីហ្វ និងពួកគ្រីស្ទានយកមកផ្សព្វផ្សាយ និងអនុវត្តខុសពីខ្លឹមសារដើម។ ហេតុដូច្នេះហើយបានជាព្រះបញ្ជូនមហាម៉េដ ឲ្យមកធ្វើជាព្យាការីចុងក្រោយបង្អស់ ដើម្បីនាំបន្ទូលពិតរបស់ព្រះ និងកែតម្រូវសេចក្តីបង្រៀនមុនៗ។
នៅក្នុងប្រវត្តិនៃសាសនាអ៊ីស្លាម គេឃើញថា មហាម៉េដមិនត្រឹមតែបានបង្កើតសាសនាអ៊ីស្លាមប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏បានបង្រួបបង្រួមក្រុមកុលសម្ព័ន្ធអារ៉ាប់ ហើយបង្កើតទៅជារដ្ឋមួយផងដែរ។ មហាម៉េដ មានតួនាទី គឺជាមេដឹកនាំសាសនាផង ជាមេដឹកនាំនយោបាយផង និងជាមេដឹកនាំកងទ័ពផង។ នៅពេលមហាម៉េដទទួលមរណភាព នៅឆ្នាំ៦៣២ បញ្ហាមួយក៏បានផ្ទុះឡើង គឺបញ្ហាអ្នកស្នងតំណែង ជាមេដឹកនាំរដ្ឋអ៊ីស្លាម ដែលមហាម៉េដបានបង្កើត និងបន្សល់ទុក។
នៅពេលនោះ សហគមន៍អ៊ីស្លាមភាគច្រើនយល់ថា កាលនៅរស់ មហាម៉េដបានជ្រើសរើស អាប៊ូ បាគ័រ (Abu Bakr) ដែលជាមនុស្សជំនិតឲ្យស្នងតំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាម។ ក៏ប៉ុន្តែ មានសហគមន៍អ៊ីស្លាមមួយផ្នែកតូចជំទាស់ ដោយពួកគេយល់ថា អ្នកដែលមហាម៉េដជ្រើសរើសឲ្យស្នងតំណែងមហាម៉េដ គឺ អាលី (Ali) ដែលជាមនុស្សជំនិតផង ជាកូនប្រសារផង និងជាបងប្អូនជីដូនមួយផងរបស់មហាម៉េដ។
នៅទីបំផុត គឺអាប៊ូ បាគ័រ ដែលត្រូវបានតែងតាំងឲ្យធ្វើជាអ្នកស្នងតំណែងមហាម៉េដ។ ក៏ប៉ុន្តែ ការប្រេះឆាគ្នាក៏បានកើតឡើងរវាងសហគមន៍អ៊ីស្លាមទាំងពីរ។ ភាពប្រេះឆា ដែលបានរាលដាល រហូតធ្វើឲ្យសាសនាអ៊ីស្លាមត្រូវពុះចែកជាពីរក្រុមផ្សេងគ្នា រហូតមកទល់នឹងពេលបច្ចុប្បន្ន គឺនិកាយស៊ុននីត និងនិកាយស្ហ៊ីអ៊ីត។ អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីត ដែលមានភាគច្រើន ជឿថា អាប៊ូ បាគ័រ ជាអ្នកដែលមហាម៉េដបានជ្រើសរើសឲ្យឡើងមកស្នងតំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាម។ ចំណែកអ្នកកាន់សាសនាអ៊ីស្លាមនិកាយស្ហ៊ីអ៊ីត ជឿថា អ្នកដែលមហាម៉េដបានជ្រើសរើសឲ្យឡើងមកស្នងតំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាម គឺអាលី។ អ្នកកាន់និកាយទាំងពីរនេះ នៅតែមើលមុខគ្នាមិនចំ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕
*ប្រភពពីនាទី ប្រវត្តិសាស្រ្តពិភពលោក RFI RADIO.
0 Comments